​​​​​​​​​​​យុវ​ជន​ប្រ​មាណ​ជាង​១០០​នាក់​បាន​រួម​គ្នា​ធ្វើ​បូ​ជ​នី​យេសក៍​ ​នៅ​ខេត្ត​មណ្ឌល​គី​រី​ ​កាល​ពី​ថ្ងៃ​ទី​១៦​-​១៨ វិ​ច្ឆិ​កា​កន្លង​ទៅ​ ​ដោយ​មាន​ការ​រៀប​ចំ​ឡើង​ដោយ​ព្រះ​សហ​គមន៍​កា​តូ​លិក​ភូមិ​ភាគ​កំ​ពង់​ចាម​ ។

លោក​បូ​ជា​ចារ្យ​ ​ហ្រ្វង់​ស្វ័រ​ ​អេ​មេ​ល្ស​ដាល​ ​ជា​បូ​ជា​ចារ្យ​ទទួល​ខុស​ត្រូវ ​ក្រុម​យុវ​ជន​នៅ​ក្នុង​តំ​បន់​ភូមិ​ភាគ​កំ​ពង់​ចាម​ ​បាន​មាន​ប្រ​សាសន៍​ថា​ ​ការ​ធ្វើ​បូ​ជ​នី​យេសក៍​នេះ​ គឺ​ជួយ​ដល់​​យុវ​ជន​ទាំង​អស់​ឲ្យ​ចេះ​ត​ស៊ូ​ក្នុង​ជី​វិត​របស់​ពួក​គេ​ម្នាក់ៗ​ ​និង​ឲ្យ​យុវ​ជន​ទាំង​អស់​​មាន​ភាព​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​គ្នា​ ​និង​ព្រះ​សហ​គមន៍​កាន់​តែ​ប្រ​សើ​រ​ថែម​ទៀត​ ដើ​ម្បី​ប្រ​កាស​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ក្នុង​​ចំ​ណោម​យុវ​ជន​ដូច​គ្នា ​។

ការ​ធ្វើ​ដំ​ណើរ​បូជ​នី​យេសក៍​នេះ​​មាន​រយៈ​ពេល​៣​ថ្ងៃ​ ​និង​មាន​ចំ​ងាយ​២៨​គី​ឡូ​ម៉ែ​ត​ ដែល​មាន​ទិស​ដៅ​ពី​ប៊ូ​ស្រា​ ​ទៅ​ព្រះ​វិ​ហារ​កា​តូ​លិក​ប៊ូ​ស្រា​ ​និង​ទៅ​ភ្នំ​ណាំ​លា​ ។

​លោក​បូ​ជា​ចារ្យ​បន្ថែម​ថា​ ​ក្នុង​ការ​ធ្វើ​ដំ​ណើរ​នេះ យុវ​ជន​ទាំង​អស់​រិះ​គិត​អំ​ពី​វត្ត​មាន​របស់​ព្រះ​យេ​ស៊ូ​គ្រីស្ត​ក្នុង​ជី​វិត​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ ​ទាំង​មាន​សេច​ក្តីសុខ​ និង​ទុក្ខ​រួម​ជា​មួយ​គ្នា​ ​និង​អំ​ពី​របៀប​នៃ​ជួយ​អ្នក​ដទៃ​ស្រប​តាម​ព្រះ​ហឫ​ទ័យ​របស់​ព្រះ​ជា​ម្ចាស់​ ​ហើយ​របៀប​ដែល​ព្រះ​យេ​ស៊ូ​ផ្តល់​កំ​លាំង​ដល់​ខ្លួន​តាម​រយៈ​ការ​បូ​ជា​ព្រះ​ជន្ម​នៅ​លើ​ឈើ​ឆ្កាង​ ។

បាយ​ ​រច​នា ​មក​ពី​ព្រះ​សហ​គមន៍​កា​តូ​លិក​អ្នក​លឿង​ ​និ​យាយ​ថា​ ​គាត់​បាន​ចាប់​អារម្មណ៍​សកម្ម​ភាព​របស់​យុវ​ជន​រួម​ដំ​ណើរ​ជា​មួយ​គ្នា​យ៉ាង​ខ្លាំង ​​ជា​ពិ​សេស ​គឺ​ពេល​ដែល​យុវ​ជន​ទាំង​អស់​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ។ គាត់​​បាន​ប្រៀប​ប្រ​ដូច​​ការ​លំ​បាក​ ​និង​ការ​ហត់​នឿយ​របស់​​យុវ​ជន​ទៅ​ នឹង​ទុក្ខ​លំ​បាក​របស់​ព្រះ​យេ​ស៊ូ​ដែល​កំ​ពុង​លី​ឈើ​ឆ្កាង ។ ​រច​នា ​បន្ថែម​ថា «ការ​ដើ​រ​លើ​ភ្នំ​មិន​ងាយ​ស្រួល​ទេ​ ​ពេល​ខ្លះ​ចុះ​ចំ​ណោត ​ពេ​ល​ខ្លះ​ត្រូវ​ឡើង​ទី​ខ្ពស់​ ។​ ​ពេល​យើង​ដើរ​មាន​ភ្លៀង​តិច​ៗ​ ​យើង​ម្នាក់​ៗ​ភ័យ​ណាស់​ព្រោះ​ផ្លូវ​មិន​សូវ​ស្រួល​​ ​ប៉ុ​ន្តែ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​បាន​នឹក​គិត​ថា​ ​នេះ​ហើយ​ជា​ឈើ​ឆ្កាង​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​លី​ ​ជា​រៀង​រាល់​ថ្ងៃ​ដើរ​តាម​ព្រះ​យេ​ស៊ូ​» ។

យុវ​ជន ​ឌី​ម​ ​បូ​រ៉ា​ ​មក​ពី​ព្រះ​សហ​គមន៍​កា​តូ​លិក​ក្រ​ចេះ​បាន​និ​យាយ​ថា ​​អស់​រយៈ​ពេល​បី​ថ្ងៃ​នេះ​​ទោះ​បី​លោក​ហត់​កាយ​ ​តែ​គាត់​មាន​កំ​លាំង​ចិត្ត​ជា​និច្ច ​។ ​បូ​រ៉ា​បន្ត​ថា​ ​គាត់​ពិត​ជា​រីក​រាយ​ និង​សប្បាយ​ចិត្ត​ពេល​បាន​ចូល​រួម​ក្នុង​កម្ម​វិ​ធី​នេះ​ «​ពី​ព្រោះ​ថា​ ​ក​ម្ម​វិ​ធី​នេះ​បាន​ជួយ​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ ​មិត្ត​ភក្ដិ​ច្រើន​ ​និង​បាន​សម្ដែង​​ទឹក​ចិត្ត​សប្បុ​រស​ដូច​ជា​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​មិត្ត​ភក្ដិ​អស់​កំ​លាំង​ក្នុង​ការ​ធ្វើ​ដំ​ណើរ​តាម​ផ្លូ​វនោះ ។ ​គ្រប់​ពេល​ដែល​ខ្ញុំ​ភ័យ​ខ្លាច​ ខ្ញុំ​តែង​ទូល​អង្វរ​ព្រះ​យេស៊ូ​ ។ ពេល​នោះ​ហើយ​ខ្ញុំ​បាត់​ភ័យ»។

 យុវ​នា​រី​ ​លីម​ ​ចន្ធា​ ​មក​ពី​មណ្ឌល​យុវ​នា​រី​នៃ​ព្រះ​សហ​គមន៍​កា​តូ​លិក​កំ​ពង់​ចាម​ក្រុង​ ​ឲ្យ​ដឹង​ថា​ ពេល​ដែល​យើង​ដើរ​ជា​ក្រុម​បែប​នេះ​ ​នាំ​ឲ្យ​​យើង​ចេះ​ជួយ​យក​អ​សារ​គ្នា​ទៅ​វិញ​ទៅ​ម​ក​ ​ក្នុង​គ្រា​មាន​អា​សន្ន​ ។  គាត់​ពិត​ជា​មាន​អា​រម្មណ៍​ថា​ ​ព្រះ​យេ​ស៊ូ​ គឺ​កំ​ពុង​តែ​ចាំ​ជួយ​លើក​ទឹក​ចិត្ត​យើ​ង​ម្នាក់ៗ​ជា​និច្ច ​នៅ​ពេល​យើង​អស់​កំ​លាំង ​។

 បង​ស្រី ​ថេ​រេ​សា​ ​សួន​ ​ប៊ុន​ ​ថា​រីន​ ​ជា​ក្រុម​បង​ស្រី​ស្រ​លាញ់​ព្រះ​ឈើ​ឆ្កាង​​ ​និង​ជា​គណៈ​កម្ម​ការ​យុវ​ជន​ភូមិ​ភាគ​កំ​ពង់​ចាម​ដែរ​នោះ​បា​នឲ្យ​ដឹង​ដែរ​ថា​៖ «​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ ​និង​រំ​ភើប​មែន​ទែន​រក​អ្វី​និ​យាយ​មិន​បាន​ដោយ​សារ​ខ្ញុំ​បាន​ឃើញ​ប្អូនៗ​ខ្លះ​ត​ស៊ូ​ក្នុង​ការ​ធ្វើ​ដំ​នើរ​ ​ហើយ​ចេះ​ជួយ​គ្នា​នៅ​គ្នា​មាន​អា​សន្ន​ដូ​ចនេះ​»។ គាត់​បន្ថែម​ថា​ ​ការ​ជួយ​គា្ន​ ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​សញ្ញា​មួយ​នៃ​សេច​ក្ដី​ស្រ​លាញ់​របស់​ព្រះ​យេ​ស៊ូ​។

               ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នេះ​ ​យុវ​ជន​រិះ​គិត​លើ​ប្រ​ធាន​បទ​ជា​ច្រើន​ដូច​ជា​ ថ្ងៃទី​១​៖​តើ​យើង​ក្នុង​ជី​វិត​របស់​យើង​សព្វ​ថ្ងៃ​នេះ​ ​កំ​ពុង​ធ្វើ​អ្វី​ខ្លះ​ដើ​ម្បី​​ដឹក​នាំ​ជី​វិត​របស់​ខ្លួន​ទៅ​រក​ផលូវ​ល្អ? ​តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ​សំ​រាប់​ព្រះ​ជា​ម្ចាស់​ ​និង​អ្នក​ដ​ទៃ​? ​ថ្ងៃ​ទី​២​៖​ ​រិះ​គិត​ពី​សកម្ម​ភាព​ដែល​ព្រះ​យេ​ស៊ូ​បាន​ធ្វើ​ដំ​ណើរ​ឡើង​លើ​ភ្នំ​ដើ​ម្បី​អ​ធិ​ដ្ឋាន តើ​យើង​ម្នាក់ៗ​បាន​អធិ​ដ្ឋាន​សំ​រាប់​អ្នក​ដ​ទៃ​ដោយ​ចិត្ត​ស្មោះ​ហើយ​ឬ​នៅ​?​ ​តើ​យើង​ពិ​ត​ជា​ស្ម័គ្រ​ចិត្ត​រួម​ដំ​ណើរ​ជា​មួយ​ព្រះ​យេ​ស៊ូ​ពិត​ប្រា​កដ​ឬ​ទេ​? ​ថ្ងៃ​ទី​បី​ ​អំ​ពី​រួម​សុខ​ទុក្ខ​ជា​មួយ​ព្រះ​យេ​ស៊ូ​ ​នោះ​យើ​ង​ក៏​មាន​នេះ​ជី​វិត​រស់​ឡើង​វិញ​ជា​មួយ​ព្រះ​យេ​ស៊ូ​ដែរ​។

យុវ​ជន​ ​និង​យុវ​នា​រី​ចូល​រួម​ចំ​នួន​ ​១១៩​នាក់​ម​ក​ពី​ព្រះ​សហ​គមន៍​កា​តូ​លិក​ចំ​នួន​ ​១២​ព្រះ​សហ​គមន៍​គឺ៖ ព្រះ​សហ​គមន៍​ ​កា​តូ​លិក​កំ​ពង់​ចាម​ក្រុ​ង ​រលៀក​ ​ភូមិ​ថ្មី​ ​ចំ​ឡាក់​ ​ក្រ​ចេះ​ ​ព្រៃវែ​ង​ ​អ្នក​លឿង​ ​ព្រែក​ក្រ​បៅ ​ស្វាយ​រៀ​ង ​កោះ​សំ​ពៅ​ ​ក្ដុ​លើ​ ​និង​ព្រះ​ស​ហ​គមន៍​កា​តូ​លិក​មណ្ឌល​គី​រី​។