ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​កំពង់​ចាម​បាន​បង្កើត​ព្រះសហគមន៍​មួយ​ទៀត​នៅក្រុង​កំពង់​ចាម​ឈ្មោះ​ថា ព្រះសហគមន៍​កាតូលិក​ស្រឡៅ​ ដែល​ស្ថិត​នៅ​​ភូមិស្រឡៅ ឃុំអំពិល ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ហើយ​កាល​ពី​ថ្ងៃ​ទី​៧ វិច្ឆកាកន្លងទៅ គ្រីស្ត​បរិស័ទ​និង​លោក​បូជាចារ្យ​បាន​រួម​គ្នាប្រមាណជា៥០នាក់​រៀប​ចំ​ពិធី​អភិបូជា​នៅ​លើ​ផ្ទះ​តូច​មួយ​ដែល​សង់​ធ្វើ​ជា​កន្លែង​ទីសក្ការៈ​សម្រាប់​ជួបជុំ​គ្នា​របស់​គ្រីស្ត​បរិស័ទ។ 
លោកឪពុកហ្រ្វង់ស័រ អេមេល្សដាល​ជាបូជាចារ្យ​កាតូលិក​ដែល​នឹង​ទទួល​ខុសត្រូវ​នៅ​ព្រះសហគមន៍​ស្រឡៅ​បានឲ្យដឹងថា៖ យើង​ទាំង​អស់​គ្នា​ជា​គណៈកម្មការ​ព្រះសហគមន៍​កំពង់​ចាម​ក្រុង រួមជាមួយលោកអភិបាល​មាន​បំណង​ចង់​បង្កើត​ព្រះសហគមន៍​ថ្មី ដើម្បី​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូ​ឲ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​នៅ​ក្នុង​តំបន់​កំពង់​ចាម។ លោក​បន្ត​ថា យើង​​បានសំរេចចិត្ត​ទិញដីថ្មីនៅទីនោះ និង​បាន​សាង​សង់​ផ្ទះ​​​តូច​មួយ​សំរាប់​ឲ្យប្ដី​ប្រពន្ធ​គ្រីស្ដបរិស័ទ​ពីរ​នាក់​រស់​នៅ​ទីនោះ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​ពី​ព្រះយេស៊ូដល់​បងប្អូន​នៅភូមិនោះទាំងអស់គ្នា។

លោកបូជាចារ្យរូបនេះបានបន្ដថា យើង​ក៏​មាន​គម្រោង​រៀបចំ​បង្កើត​មណ្ឌល​សម្រាប់​ជន​ពិការ កម្មវិធី​អនាម័យ និង​អប់រំ​នានា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ។ 
លោក​បូជាចារ្យ​រូប​នេះ​រំពឹង​ថា ព្រះសហគមន៍​ស្រឡៅ​នឹង​អាច​រីកលូតលាស់ជាលំដាប់តាមគម្រោងការរបស់​ព្រះជាម្ចាស់។ លោក​ក៏​បាន​សំណូម​ពរ​ដល់​​គ្រីស្ដបរិស័ទទាំងអស់​ឲ្យជួយលើកទឹកចិត្ត​ ​ប្ដី​​និង​ប្រពន្ធ​គ្រីស្ត​បរិស័ទ​ដែល​កំពុង​រស់នៅ​តំបន់​នេះ​ឲ្យគាត់មានកម្លាំងប្រកាសដំណឹងល្អ ហើយនឹងជួយអធិដ្ឋានសំរាប់​ព្រះសហគមន៍​នេះ​ផងដែរ។ អ្នកស្រីប្រិច នី ជា​គ្រីស្ត​បរិស័ទ​និង​ជា​អ្នក​មើល​ថែ​រក្សា​នៅ​ដី​ព្រះ​សហគមន៍​ស្រឡៅ​នេះ​ បានឲ្យដឹងថា៖ គាត់តាំងចិត្ត និងព្យាយាមឲ្យអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីប្រកាសដំណឹងល្អពីព្រះយេស៊ូដល់​បងប្អូននៅភូមិស្រឡៅននេះបានស្គាល់ព្រះយេស៊ូ​ និងសេចក្ដីស្រលាញ់ព្រះអង្គ។ គាត់បានបន្ដទៀតថា ដំបូងគាត់មានគម្រោងទៅប្រកាសដំណឹងល្អនេះ ដល់អ្នកក្រីក្រ អ្នកជំងឺ និងជាពិសេសចំពោះអ្នកពិការដែលគេមិនសូវរាប់រក។ ហើយគាត់ពិតជាជឿជាក់ថា ព្រះសហគមន៍ថ្មីនេះ និងចាប់ផ្ដើមដំណើរការល្អនាពេលអនាគត​ ដោយសារ នៅទៅនោះ គាត់ឃើញថាមានអ្នកភូមិនៅជិតៗគ្នាច្រើន និងមាន​អ្នកក្រីក្រ ហើយណាមួយព្រះសហគមន៍ថ្មីយើងនេះក៏មានទីតាំងនៅជិត និងក្បែរផ្ទះប្រជាជនផងដែរ។