ព្រះសហគមន៍កាតូលិកបានរៀបចំពិធីសំណាក់ធម៌រយៈពេល៣ថ្ងៃដល់អ្នកស្វែងយល់អំពីជំនឿជាកាតូលិកចំនួន៣៥នាក់ ដែលត្រៀមខ្លួនធ្វើពិធីចូលក្នុងព្រះសហគមន៍(ជំហានទីមួយ)នាពេលឆាប់ៗខាងមុខនេះ ដែលណែនាំដោយមានលោកបូជាចារ្យបងស្រី និងគណៈកម្មការព្រះសហគមន៍កាលពីថ្ងៃទី ២៨-៣០ តុលាកន្លងទៅ នៅព្រះសហគមន៍កាតូលិកកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ 
ក្នុងកម្មវិធីសំណាក់ធម៌នេះ អ្នកស្វែងយល់ទាំងអស់បានរិះគិតអំពីសេចក្តីស្រឡាញ់ និងជំនឿ។ លោកបូជាចារ្យសេរ៉ាល វ៉ូសាំង ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កោះរកាឲ្យដឹងថា៖ សំណាក់ធម៌នេះគឺចង់ឲ្យបេក្ខជនដែលត្រៀមខ្លួនយល់កាន់តែច្បាស់ពីព្រះហឫទ័យរបស់ព្រះយេស៊ូ និងយើងជួយដាស់តឿនពួកគាត់ឲ្យកាន់តែជិតស្និទ្ធជាមួយព្រះជាម្ចាស់ថែមទៀត។ លោកបន្ថែមថា ថ្ងៃទី១ យើងរិះគិតអំពី«សេចក្ដីស្រលាញ់របស់ព្រះយេស៊ូ» ដែលជាក្តីស្រឡាញ់ពិតមានលក្ខណៈលះបង់។ លោកបន្តថា យើងចង់ឲ្យបងប្អូនបានស្គាល់ព្រះយេស៊ូកាន់តែច្បាស់ ដើម្បីឲ្យពួកគាត់អាចបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយព្រះអង្គនិងស្រឡាញ់ព្រះអង្គ។
លោកបូជាចារ្យរូបនេះបានបន្ដថា នៅថ្ងៃទី២យើងនិយាយពីទំនាក់ទំនងជីវិត និងជំនឿ។ លោកពន្យល់ថា នៅពេលដែលយើងស្គាល់ព្រះយេស៊ូហើយ ហើយជំនឿនេះធ្វើឲ្យយើងម្នាក់មានការផ្លាស់ប្តូររបៀបរស់នៅពីមុន ឯថ្ងៃទីបីយើងនិយាយពី ព្រះគ្រីស្ដមានព្រះជន្មរស់ឡើងវិញ គឺយើងចង់ឲ្យម្នាក់ៗមានជីវិតរស់នៅកាន់តែជិតស្និទ្ធជាមួយព្រះម្ចាស់កាន់ខ្លាំងជាងមុន។ 

កម្មវិធីសំណាក់ធម៌នេះមានអ្នកស្វែងយល់ពីព្រះសហគមន៍កាតូលិកចំនួន១០ចូលរួម មានដូចជា៖ កំពង់ចាមក្រុង ភូមិថ្មី រលៀក កោះរកា សួង ថ្មពេជ្រ ចម្លាក់ ក្ដុលលើ បាវិត និង មេមត់។ ក្នុងសំណាក់នេះដែរ ក៏មានអធិដ្នានរួមគ្នា មើលរឿងពីជីវិតព្រះយេស៊ូ រិះគិតពីព្រះបន្ទូល និងចែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួនរវាងគ្នានិងគ្នា។
យុវនារីម៉ាន់ ម៉ានីជាយុវនារីមកពីព្រះសហគមន៍កាតូលិកចម្លាក់បានឲ្យដឹងថា៖ «ខ្ញុំសប្បាយចិត្តដែលបានស្គាល់ព្រះសហគមន៍រហូតមកដល់ពេលនេះ ហើយខ្ញុំក៏មានបំណងចង់ក្លាយជាគ្រីស្ដបរិស័ទមួយដ៏ល្អក្នុងព្រះសហគមន៍ផងដែរ»។ ម៉ានីបានបន្ដថា មូលហេតុដែលគាត់ចង់ក្លាយជាគ្រីស្ដបរិស័ទពីព្រោះគាត់ចង់ស្វែងរកព្រះមួយអង្គពិតប្រាកដសំរាប់អប់រំផ្លូវចិត្ត និងជួយសង្គ្រោះគាត់ចេញពីភាពភ័យខ្លាចផ្សេងៗក្នុងជីវិតរបស់គាត់។ ម៉ានីបន្ថែមថា សេចក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ របស់បងប្អូនគ្រីស្ដបរិស័ទ និងការអប់រំរបស់បងប្រុស បងស្រី និងលោកឪពុកចំពោះគាត់ ធ្វើឲ្យជីវិតរបស់គាត់បានផ្លាស់ប្តូរ ឲ្យក្លាយជាមនុស្សល្អម្នាក់ និងមានសេចកក្ដីស្រលាញ់ខ្ពស់ចំពោះអ្នកដទៃ ទាំងនេះហើយដែលបានដក់ជាប់ជាមួយនឹងដួងចិត្តរបស់គាត់ ដែលធ្វើឲ្យគាត់ពិតជាចង់ឲ្យខ្លួនឯងក្លាយជាគ្រីស្ដឆាប់ៗតែម្ដង។ 
លោកស៊ីម សុភីមកពីព្រះសហគមន៍កាតូលិកកំពង់ចាមក្រុងបានឲ្យដឹងថា៖ បានជាគាត់សម្រេចចិត្តក្លាយជាគ្រីស្ដបរិស័ទដោយគាត់មានអារម្មណ៍ថា គាត់ពិតជាមានអារម្មណ៍មានសុភមង្គលផ្លូវចិត្តមែន ដោយគ្មានភាពភ័យខ្លាយចក្នុងខ្លួន។ គាត់បន្ដថា ពេលគាត់បានចូលរួមជាមួយបងប្អូនគ្រីស្ដបរិស័ទ ធ្វើឲ្យបានយល់អំពីជីវិតគឺមានតម្លៃ ហើយព្រះយេស៊ូបានឲ្យជីវិតរបស់គាត់បានប្រែប្លែកពីមុន ដោយមិនគិតដូចពីមុនថាខ្លួនឯងជាមនុស្សអន់ ថ្នាក់ទាប និងសោកស្ដាយចំពោះជីវិតដែលកើតមកនេះទៀតទេ។