អ្នកជិះកង់ជាង៣០នាក់បានប្រដមត្រសងជាមួយគ្នាដើម្បីរិះគិតអំពីជំនឿក្នុងរយៈពេល៥ថ្ងៃកាលពីថ្ងៃទី១-៥ កញ្ញាកន្លងទៅដែលមានរយៈចម្ងាយជាង៣០០គីឡូម៉ែត្រ ឆ្លងកាត់តំបន់នានាក្នុងខេត្តកំពង់ចាម។
លោកបូជាចារ្យហ្រ្វង់ស័រ អេមេល្សដាល ជាបូជាចារ្យទទួលខុសត្រូវក្នុងកម្មវិធីនេះបានមានប្រសាសន៍ឲ្យដឹងថា៖ គោលដៅរបស់គណៈកម្មការយុវជនក្នុងកម្មវិធីនេះគឺ យើងចង់ប្រមូលផ្តុំឲ្យយុវជនទាំងអស់គ្នាបានស្គាល់គ្នាទៅវិញទៅមកដើម្បីចែកបទពិសោធន៍ឲ្យគ្នា។ ហើយឲ្យយុវជនចេះតស៊ូ និងការចេះជួយគ្នាទៅវិញទៅមកផងដែរក្នុងការធ្វើដំណើរ។ និងយើងចង់ឲ្យយុវជនចេះ រិះគិតពីដំណើរជីវិតរបស់ខ្លួនស្របជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។
រយៈពេល៥ថ្ងៃ យុវជន-នារី បានរិះគិតពីព្រះបន្ទូលដំណឹងល្អជាក្រុម ចែកបទពិសោធនូវបញ្ហាផ្សេងៗទាក់ទងនឹងជំនឿ និងការអធិដ្ឋានរួមគ្នា ហើយនិងអំឡុងពេលជិះកង ម្នាក់ត្រូវរិះគិតសំណួរមួយថា៖ តើយើងម្នាក់ៗគិតថា ព្រះយេស៊ូជានរណាសំរាប់យើងម្នាក់ៗ? 
ធ្វើដំណើរជាមួយយុវជនដទៃទៀត ក្នុងពេលសម្រាកពីការជិះកង់ឡេង ឈុនឡុងជាយុវជនក្នុងចំណោមអ្នកជិះកង់ចំនួន៣៥នាក់បានឲ្យដឹងថា៖ ដំណើរនៃការជិះកង់នេះបានជួយឲ្យគាត់រកឃើញថា ព្រះយេស៊ូជាព្រះសង្គ្រោះសម្រាប់គាត់ ពីព្រោះពេលគាត់ជួបទុក្ខលំបាក ព្រះយេស៊ូតែងតែជួយលើកទឹកចិត្តគាត់តាមផ្លូវវិញ្ញាណ និងតាមរយៈបងប្អូននៅក្បែរគាត់។

ឈុនឡុងបន្តថា “តែអ្វីដែលពិសេសនោះគឺមានមិត្តភក្ដិរួមដំណើរជួយ យកចិត្តទុកដាក់ និងខ្ញុំបានស្គាល់មិត្តថ្មីជាច្រើន ពេលនោះមានអារម្មណ៍ថា ដូចជាមានកម្លាំងឡើងវិញ និងរំភើបថែមទៀតផង”។ 
អ្នករួមដំណើរម្នាក់ទៀតឈ្មោះឃុន ឆេងណាយ បានឲ្យដឹងដែរថា៖ នៅពេលជិះកង់ជាឱកាសមួយឲ្យយើងទាំងអស់គ្នាបានស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ជាងមុន តាមរយៈអ្នកដទៃ និងការទូលអង្វររបស់យើងម្នាក់ៗផងដែរ។ឆេងណាយ និយាយទៀតថា ក្នុងអំឡុងពេលជិះកង់នោះបានធ្វើឲ្យគាត់រិះគិតពីជីវិតរបស់ខ្លួនឯងបានច្រើន និងចែករំលែកសេចក្ដីស្រលាញ់បានច្រើនឲ្យអ្នកដទៃ និងចេះលើកលែងទោសឲ្យមិត្ដភក្ដិរួមដំណើរជាមួយគ្នានៅពេលពួកគេបានធ្វើខុសចំពោះគាត់។ 
កម្មវិធីជិះកង់នេះបានរៀបចំឡើងព្រះសហគមន៍តំបន់កំពង់ចាម ដោយមានយុវជនចូលរួមចំនួន៣៥នាក់មកពីព្រះសហគមន៍ចំនួន៧ ដូចជា កំពង់ចាមក្រុង ភូមិថ្មី រលៀក ចំឡាក់ សួង ថ្មពេជ្រ និងព្រះសហគមន៍កាតូលិកកោះរកា។ កម្មវិធីនេះ យុវជនត្រូវជិះកង់ម្នាក់មួយៗដោយឆ្លងកាត់ព្រះសហគមន៍កាតូលិកចំនួន៥គឺចាប់ពីព្រះសហគមន៍កាតូលិកកំពង់ចាមក្រុង ទៅក្ដុលលើ និងពីក្ដុលលើ ទៅថ្មពេជ្រ ហើយត្រូវជិះត្រឡប់ទៅព្រះសហគមន៍កំពង់ចាមក្រុងវិញ។