យុវជននៃព្រះសហគមន៍កាតូលិកកំពង់ចាមក្រុង បានចូលរួមសិក្ខាសាលាខ្លីមួយស្តីអំពី«គន្លឹះនៃភាពជោគជ័យក្នុងជីវិត» ស្ថិតនៅមណ្ឌលសិស្សប្រុស របស់ព្រះសហគមន៍ កាតូលិកក្នុងខេត្តកំពង់ចាម ស្ថិតនៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម កាលពីព្រឹក ថ្ងៃទី៧ មករាកន្លងមក។
“ខ្ញុំភ្ញាក់ផ្អើល ហើយនឹកខ្លួនឯងថា «ខ្លួនឯងកំពុងស្ថិតនៅជាមនុស្សបែបណា?» ហើយតើត្រូវកែប្រែ និងធ្វើអ្វីបន្ថែមទៀតក្នុងជីវិត?” នេះជាសំដីរបស់យុវនារីលីម ចន្ថាជាសិក្ខាកាមមកពីមណ្ឌលសិស្សស្រី នៃព្រះសហគមន៍កាតូលិកកំពង់ចាមក្រុង។
ចន្ថាបន្ថែមថា ក្រោយពីសិក្ខាសាលានេះមក នាងមានអារម្មណ៍ថា នាងដូចជាមនុស្សថ្មីម្នាក់ និងធ្វើឲ្យនាងយល់ពីតម្លៃនៃការរៀនសូត្រ និងនាងមានការតាំងចិត្តខ្ពស់ក្នុងការខិត្តខំរៀនសូត្របន្ដទៀត។

នាងសង្ឃឹមថា ព្រះសហគមន៍កាតូលិកយើងនឹងមានវគ្គសិក្ខាសាលាបែបនេះបន្ដទៀត នៅពេលណាមួយ ដើម្បីជាគំនិតដាស់តឿនដល់សិស្សទាំងអស់ខិតខំប្រឹងរៀន និងមិនអស់សង្ឃឹមក្នុងការជំនេះទុក្ខលំបាកនៃការរៀនសូត្រ និងកិច្ចការងាររបស់ពួកគាត់ម្នាក់ៗ។
ស្រដៀងគ្នានេះដែរយុវជនឃន ចាន់ណាជាយុវជនម្នាក់ដែលបានចូលរួមក្នុងវគ្គសិក្ខាសាលខ្លីនេះដែរ មកពីមណ្ឌលប្រុសនៃព្រះសហគមន៍កាតូលិកកំពង់ចាមក្រុងបានឲ្យដឹងដែរថា៖ គាត់យល់ថា សិក្ខាសាលានេះពិតជាល្អមែនតែសំរាប់យើងទាំងអស់គា្នលើសកលលោកនេះ ពីព្រោះថា សិក្ខាសាលានេះ បានជួយឲ្យគាត់មានការគិតបានទូលាយជាងមុន ដឹងពីកំហុសខ្លួនឯង និងស្គាល់បានស្គាល់ពីវិធីសាស្ដ្រផ្សេងៗក្នុងការដោះស្រាយពេលមានឧបសគ្គ និងជាពិសេសគឺសិក្ខាសាលានេះបានកែប្រែចិត្តឲ្យក្លាយជាមនុស្សរស់នៅក្នុងសន្តិភាពពិតប្រាកដ។
លោក តាំង ភារម្យ ជាគ្រូឧទ្ទេសបានមានប្រសាសន៍ឲ្យដឹងថា៖ វគ្គសិក្ខាសាលាខ្លីមែន តែវាមានអត្ថន័យ និងមានប្រយោជន៍ច្រើនសំរាប់សិស្សានុសិស្សទាំងអស់គ្នា ដើម្បីជួយពង្រឹងផ្នែកស្មារតី និងការគិតរបស់សិស្សានុសិស្សទាំងអស់ឲ្យមានដំណើរការល្អ គឺមានស្មារតីរឹងពឹង និងមានភាពទុកចិត្តលើខ្លួនឯង មានការគិតបានធំទូលាយ និងគិតអ្វីៗជាចំណុចវិជ្ជមានសំរាប់ខ្លួនឯង។ លោកគ្រូភារម្យបន្ថែមថា ការសិក្ខាសាលាគាត់បានបង្ហាញគន្លឹះ១០យ៉ាងនោះមានដូចជា៖ ១. ការយល់ឃើញត្រូវ ២. មនុស្សកើតមកដើម្បីជោគជ័យ ៣. ការគិតគឺជាអំណាច ៤.ការស្គាល់ពីដែនកំណត់ ៥.យើងជាផលនៃអ្វីៗដែលយើងបានគិត ៦.ការគ្រប់គ្រងវាសនា ៧.ការគិតនូវកំរិតផ្សេងៗគ្នា ៨.ការយកគំរូតាមសកលលោក ៩.ធ្វើជាចំណែកនៃដំណោះស្រាយ និង១០.ជោគេជ័យគឺជាទម្លាប់។
លោកគ្រូបានបន្ថែមថា ក្រៅពីចំណុចទាំង១០នេះ គឺយើងត្រូវអនុវត្តមាន ជីវិត-សេចក្ដីស្រលាញ់-រៀន-ការដឹកនាំ-បន្សល់ទុកស្នាដៃរបស់យើងម្នាក់ៗ។
សិក្ខាសាលានេះមានការចូលរួមមណ្ឌលទាំងពីរ ប្រុស-ស្រី និងយុវជនមកពីព្រះសគមន៍កាតូលិកភូមិថ្មី សរុបទាំងអស់ប្រមាណជា ៥០នាក់។